មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារ នៃសាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះអប់រំសិស្សានុសិស្ស និងអាជីវករនៅតាមទីផ្សារនានា ឲ្យ...
មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារ នៃសាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះអប់រំសិស្សានុសិស្ស និងអាជីវករនៅតាមទីផ្សារនានា ឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការជ្រើសយកចំណីអាហារដែលមានគុណភាពទៅទទួលទានដើម្បីសុខភាព។
អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ជា ប៉ិច បានដឹកនាំមន្ត្រីជំនាញចុះអប់រំដល់សិស្សានុសិស្ស រៀននៅសាលាបឋម និងអនុវិទ្យាល័យអូរចំណារ និងអាជីវករលក់ដូរនៅផ្សារអូរចំណារ ស្ថិតក្នុងស្រុកព្រៃនប់ ឲ្យយល់ដឹងអំពីការជ្រើសយកទំនិញ ឬចំណីអាហារទៅទទួលទានឲ្យបានត្រឹមត្រូវ។ សកម្មភាពចុះអប់រំនេះរៀបចំនៅទីតាំងអនុវិទ្យាល័យអូរចំណារ និងចុះទៅផ្សារអូរចំណារ នាមូលដ្ឋានស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែកក្កដា។
ក្នុងឱកាសនោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានហាមសិស្សានុសិស្សមិនឲ្យទិញចំណីអាហារ ឬទំនិញដែលមិនមានសរសេរស្លាកសញ្ញាក្រុមហ៊ុន ផលិតផលកំប៉ុងក្រពឹត ការវេចខ្ចប់មិនបានត្រឹមត្រូវ និងហួសកាលកំណត់ប្រើប្រាស់ជាដើម នៅលើសំបកវេចខ្ចប់ជាដាច់ខាត ព្រោះនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។
ជាមួយគ្នានេះ លោក ជា ប៉ិច ក៏បានស្នើដល់ប្រជាពលរដ្ឋ ឬចុងភៅ ត្រូវជ្រើសយកអំបិលមានលាយសារធាតុអ៊ីយ៉ូដ ទៅចម្អិនអាហារ ព្រោះអំបិលអ៊ីយ៉ូដ អាចជួយការពារដល់រាងកាយមនុស្សឲ្យជៀសផុតពីជំងឺពកក ការពារជំងឺបាត់បង់ស្មារតី អាចជួយឲ្យខួរក្បាលកុមារឆ្លាតវៃ អាចជួយការពារជំងឺ និងជួយឲ្យមនុស្សមានអាយុវែងជាដើម៖ «អង្គការសុខភាពពិភពលោករកឃើញថា ការប្រើប្រាស់អំបិលអ៊ីយ៉ូដទៅលើការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគឺមានអត្ថប្រយោជន៍ឈានដល់កាត់បន្ថយជំងឺពកក និងកាត់បន្ថយជំងឺឡឺកឺជាដើម។ អ៊ីចឹងអំបិលដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ពុំគួរឲ្យប្រជាពលរដ្ឋនាំយកមកប្រើប្រាស់នោះទេ»។
នាយកសាលាអនុវិទ្យាល័យ អូរចំណារ លោក សូត្រ ហាក់ បានគាំទ្រសកម្មភាពមន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលចុះមកអប់រំសិស្សានុសិស្សឲ្យបានយល់ដឹងអំពីរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ទៅលើមុខទំនិញ ឬចំណីអាហារគ្រប់ប្រភេទដើម្បីជៀសផុតពីទំនិញក្លែងក្លាយ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏ស្នើដល់អាណាព្យាបាលគ្រប់រូប ត្រូវចូលរួមពិនិត្យទៅលើគ្រប់មុខទំនិញ មុននឹងទិញយកទៅប្រើប្រាស់ និងទទួលទាន ត្រូវឲ្យប្រាកដថា គ្រប់មុខទំនិញ ឬចំណីអាហារទាំងនោះ មានគុណភាពល្អ ឬមិនហួសកាលកំណត់ប្រើប្រាស់ជាដើម៖ «មានអាជីវករខ្លះបាននាំយកទំនិញ ឬនំចំណីហួសកាលកំណត់ប្រើប្រាស់ខូចគុណភាព យកមកលក់ឲ្យសិស្សានុសិស្ស ហូបទៅប៉ះពាល់ដល់សុខភាព។ ខ្ញុំសូមផ្ដាំផ្ញើទៅមាតាបិតាជាអាណាព្យាបាល សូមមេត្តាជួយផ្សព្វផ្សាយបន្តដល់កូនចៅដែលបានមកសិក្សានៅសាលាបឋម និងអនុវិទ្យាល័យអូរចំណារ ទាំងអស់ សូមឲ្យជួយពន្យល់ណែនាំបន្ថែម»។
ប្រជាពលរដ្ឋ ឬអាណាព្យាបាលខេត្តព្រះសីហនុ បានគាំទ្រសកម្មភាពចុះអប់រំ និងត្រួតពិនិត្យគុណភាពចំណីអាហាររបស់មន្ត្រីជំនាញកាំក្រុងត្រូលខេត្តនេះ ដែលបានចុះត្រួតពិនិត្យគុណភាពទៅលើមុខទំនិញ បន្លែត្រីសាច់ នៅតាមទីផ្សារនានាជាបន្តបន្ទាប់។
ពលរដ្ឋមួយចំនួនបានស្នើដល់មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យមានចំណាត់ការតាមផ្លូវច្បាប់ទៅលើអាជីវកររូបណា ដែលមន្ត្រីជំនាញរកឃើញថា មុខទំនិញ ឬចំណីអាហាររបស់ពួកគេដាក់លក់នៅលើទីផ្សារ មានផ្ទុកសារធាតុគីមី ឬខូចគុណភាពឲ្យបានធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយចុះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានស្នើដល់ប្រជាពលរដ្ឋ បើមានព័ត៌មានសង្ស័យថា ទីតាំងណាមួយមានលក់ទំនិញខូចគុណភាពចំណីអាហារទាំងភេសជ្ជកំប៉ុង ឬដបគ្រប់ប្រភេទហួសកាលកំណត់ប្រើប្រាស់ ពិសេសមុខម្ហូបស្រស់មានលួចដាក់សារធាតុគីមីជាដើម ត្រូវផ្ដល់ព័ត៌មានឲ្យមកកាន់មន្ត្រីជំនាញ តាមរយៈទូរស័ព្ទលេខ៖ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៤៦ ០៤៦៕