សត្វក្រពើដែលត្រូវបានគេចិញ្ចឹមនៅក្នុងកសិដ្ឋានមួយ នាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតថ្ងៃទី២១ មិថុនា ឆ្នាំ២០១៧...
ញ្ចឹមក្រពើក្នុងស្រុកជាច្រើន ត្អូញត្អែរកាន់តែខ្លាំងចំពោះបញ្ហាតម្លៃលក់កូនក្រពើចេញទៅក្រៅប្រទេសក្នុងរយៈពេលពីរឆ្នាំមកនេះ។ មន្ត្រីជំនាញរដ្ឋបាលជលផលអះអាងថា ទីផ្សារលក់កូនក្រពើចេញមិនអាក្រក់ដែលអាចប៉ះពាល់ជីវភាពអ្នកចិញ្ចឹម ឬបាត់បង់អ្នកចិញ្ចឹមសត្វប្រភេទនេះទេ ប៉ុន្តែបើកសិករចិញ្ចឹមក្រពើយកស្បែកលក់ជំនួសការលក់កូនក្រពើរស់នោះទីផ្សារកាន់តែល្អ។
បច្ចុប្បន្នតម្លៃកូនក្រពើទើបញាស់លក់បានចន្លោះពី ១២ ទៅ ១៤ដុល្លារក្នុងមួយក្បាល ដែលតម្លៃនេះថោកជាងកាលពីពីរឆ្នាំមុនចំនួន ៦ដុល្លារ ពោលគឺលក់បានចន្លោះពី ១៨ ទៅ ២០ដុល្លារ ក្នុង១ក្បាល។ ក្រុមកសិករត្អូញថា រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាទីផ្សារជូនកសិករក្រៅពីណែនាំឲ្យកសិករចិញ្ចឹមក្រពើយកកូនលក់ ឬសាច់លក់ និងម្ដងឲ្យចិញ្ចឹមយកស្បែកលក់លំបាកនឹងតាមទាន់ទីផ្សារ។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើម្នាក់នៅភូមិត្រពាំងចឹកសា ក្រុងកំពង់ឆ្នាំង លោក ហ៊ឺ ផេងឡា ឲ្យដឹងថា កូនក្រពើដែលលោកភ្ញាស់បាន និងលក់ចេញនៅក្នុងឆ្នាំ២០១៧ មិនបានចំណេញឡើយ គឺបានត្រឹមតែរួចថ្លៃដើម និងពេលខ្លះខាតតិចតួចទៀតផង បើទូទាត់ទៅលើកម្មករ និងថ្លៃទិញចំណីយកឲ្យក្រពើស៊ី។
លោកថា ការចិញ្ចឹមក្រពើយកស្បែកលក់ វាកាន់តែធ្វើមិនបានទៀតចំពោះកសិករ៖ «សូម្បីតែចំណីក៏យើងទិញពីស្រុកគេយកមកឲ្យសត្វស៊ីដែរ! យើងទៅរកចំណីឯណាបើត្រីនៅក្នុងទន្លេសាប រកឲ្យតែប្រជាជនស៊ីមិនចង់បានផងហ្នឹង។ ឥឡូវចំណីទាំងអស់ហ្នឹងថ្លៃ អ៊ីចឹងបើយើងចិញ្ចឹមយកស្បែកសួរថា តើមានក្រុមហ៊ុន អង្គការ ឬខ្ញុំនិយាយឲ្យចំទៅមានក្រុមហ៊ុនណាមួយដែលហ៊ានធានាអះអាងថា ឥឡូវយើងចិញ្ចឹមទៅគណនាទៅថា ឲ្យចំណេញអាហ្នឹងគេរីករាយនឹងចិញ្ចឹម តែសព្វថ្ងៃវាអត់មានដល់ពេលអ៊ីចឹងសួរថា ពេលបានផលយកទៅលក់អ្នកឯណា»។
លោក ហ៊ឺ ផេងឡា ស្នើឲ្យរដ្ឋាភិបាល ឬមន្ត្រីជំនាញរដ្ឋបាលជលផលជួយរកទីផ្សារលក់កូនក្រពើជូនកសិករជាជាងណែនាំឲ្យកសិករធ្វើអ្វីដែលលើសពីលទ្ធភាពរបស់ពួកគេ។ លោកថា អ្នកចិញ្ចឹមក្រពើពុំមានអ្នកណាម្នាក់ខ្ជិលច្រអូស ឬមិនចង់បានផលចំណេញវិញខ្លះពីការខិតខំរបស់ខ្លួននោះទេ ប៉ុន្តែចំពោះអ្នកចិញ្ចឹមក្រពើភាគច្រើនបើពឹងផ្អែកតែលើមុខរបរនេះមួយមុខគត់ គឺមិនអាចទៅរួចឡើយ។
នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងស្រុកមិនខាតដើម ឬជំពាក់បំណុលគេ ដោយសារតម្លៃកូនក្រពើចុះថោកឡើយ ពោលគឺកសិករនៅតែលក់បានចំណេញ ប៉ុន្តែមិនច្រើនដូចពីមុន។
លោកយល់ថា បញ្ហាទីផ្សារបច្ចុប្បន្ន ព្រោះតែតម្រូវការទីផ្សារក្រពើអន្តរជាតិមានគ្រប់គ្រាន់៖ «វាជាក់ស្ដែងទៅតាមឆ្នាំមួយៗ បើតម្រូវការទីផ្សារអន្តរជាតិថ្លៃ អ៊ីចឹងអ្នកចិញ្ចឹមក្រពើដឹងតែបើកភ្នែកឡើងញញឹមហើយ។ តម្លៃជាក់ស្ដែងកន្លងមក បើសិនខាងទីផ្សារខាងវៀតណាម ស៊ីផង និងថៃ ស៊ីផង តម្លៃចាប់ផ្ដើមក្បាលឆ្នាំ គឺ ២៨ដុល្លារ (ក្រពើសម្រាប់លក់យកសាច់) ប៉ុន្តែដល់ឥឡូវនេះថៃ មានកូនចិញ្ចឹមដើម្បីផ្គត់ផ្គង់បានអ៊ីចឹងខាងថៃ អត់ត្រូវការទិញ ហើយឥឡូវមានទីផ្សារច្រកតែមួយ អ៊ីចឹងវារៀងចុះបន្តិច»។
លោកទទួលស្គាល់ថាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើពិតជាមានការលំបាក និងចំណាយដើមទុនធំ ដើម្បីចិញ្ចឹមក្រពើយកស្បែកកែច្នៃ ឬនាំចេញក្រៅប្រទេស ព្រោះត្រូវចិញ្ចឹមរយៈពេលបីឆ្នាំ ទើបបានផល។ ប៉ុន្តែរដ្ឋាភិបាលបានជំរុញឲ្យមានការចិញ្ចឹមក្រពើយកស្បែកលក់ ជាជាងលក់កូនរស់ ហើយវិធានការនេះមន្ត្រីជំនាញបានចុះផ្សព្វផ្សាយ និងផ្ដល់បច្ចេកទេសដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរួចហើយ។
លោក លី ឡា បន្ថែមថា ទីផ្សារក្រពើរបស់កម្ពុជា ដែលធ្លាប់នាំចេញទៅថៃ ត្រូវបានផ្អាកដោយប្រទេសនេះមានគ្រប់គ្រាន់ ប៉ុន្តែវៀតណាម នៅតែបន្តទិញកូនក្រពើពីកម្ពុជា នៅឡើយ។ ដូច្នេះកសិករគួរតែបង្កើនការចិញ្ចឹមក្រពើយកស្បែកលក់ជំនួសការលក់កូនក្រពើរស់ទៅក្រៅប្រទេស ដើម្បីជួយទីផ្សារក្រពើនៅកម្ពុជា មានហាងឆេងឡើងវិញ ឬអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន៖ «បើសិនជាយើងមានលទ្ធភាពចិញ្ចឹមយកកូនទៅជាចិញ្ចឹមយកស្បែកវិញនោះ យើងមិនពិបាកទីផ្សារទៀតទេ តែកន្លងមកយើងធ្វើអត់ទាន់បាន ដោយសារបច្ចេកទេសនៃការចិញ្ចឹមយកស្បែកវាទាមទារថវិកាធំ»។
ចំណែកប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បញ្ជាក់ថា បើកសិករលក់កូនក្រពើរស់ ១ក្បាលទៅក្រៅប្រទេស នឹងធ្វើឲ្យកសិករខាតបង់ប្រាក់ចំណេញជាង ១០០ដុល្លារ បើប្រៀបធៀបនឹងការចិញ្ចឹមដល់អាយុបីឆ្នាំ ដើម្បីធ្វើស្បែកលក់។ ដូច្នេះបើកសិករងាកមករក្សាកូនក្រពើ ហើយចិញ្ចឹមវាទុកលក់ស្បែក គឺអាចបង្កើតការងារក្នុងស្រុកបានច្រើន តាមរយៈជួលអ្នកថែទាំកូនក្រពើ និងអ្នកធ្វើស្បែក។
នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់លោក ណៅ ធួក ផ្ញើជូននាយអធិការដ្ឋាន នាយខណ្ឌរដ្ឋបាលជលផល និងអ្នកចិញ្ចឹមក្រពើទាំងអស់ឲ្យដឹងថា ដើម្បីធានាឲ្យមាននិរន្តរភាពទីផ្សារក្រពើនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងរួមចំណែកគោលនយោបាយកាត់បន្ថយភាពក្រីក្រ អ្នកចិញ្ចឹមក្រពើទាំងអស់ងាកមកចិញ្ចឹមក្រពើយកស្បែកលក់វិញ។
ប្រធានសាខាសមាគមអ្នកចិញ្ចឹមក្រពើប្រចាំខេត្តកំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ ឲ្យដឹងថា អ្នកចិញ្ចឹមក្រពើទាំងអស់កំពុងចិញ្ចឹមយកកូនលក់ ដោយពួកគេភាគច្រើនពុំមានលទ្ធភាពចិញ្ចឹមក្រពើយកស្បែកលក់ឡើយ ព្រោះវាត្រូវការដើមទុនច្រើន និងបរិវេណដីចិញ្ចឹមធំ។
លោកថា បើកសិករមានលទ្ធភាពចិញ្ចឹមក្រពើយកស្បែកជំនួសការចិញ្ចឹមលក់កូន មិនខ្វះឡើយទីផ្សារលក់ចេញ៖ «អ្នកដែលភ័យព្រួយតែងតែភ័យព្រួយហើយ ប៉ុន្តែរបរ បើយើងមើលឃើញទាំងគ្នាសួរថា គ្មានពីណាមួយអត់ទេ។ ប៉ុន្តែខ្ញុំធ្លាប់ជួបជាមួយក្រុមហ៊ុនមកពីសាំងហ្គាពួរ គឺគាត់និយាយច្បាស់ គាត់ថា មានប៉ុន្មានក៏គាត់យកដែរឲ្យតែចូលស្តង់ដារដែលគេត្រូវការ ក៏ប៉ុន្តែយើងម្នាក់ៗអត់ហ៊ានធ្វើទេអាបញ្ហាថា គេមិនយកហ្នឹងទៅជាបញ្ហាចោទទេ ប៉ុន្តែសំខាន់បំផុតដើមទុនវាចោទខ្លាំងជាងហ្នឹង ព្រោះអីយើងចិញ្ចឹមយកចូលស្តង់ដារទាមទារថា ក្នុង ១អាងដាក់ក្រពើមួយដើម្បីកុំវាខាំគ្នា ហើយយើងថែរក្សាទឹកកុំឲ្យមានបាក់តេរីនៅក្នុងស្បែក»។
នៅគ្រាដែលប្រទេសកម្ពុជា មិនទាន់មានរោងចក្រផលិតស្បែកសត្វ ឬទទួលទិញស្បែកក្រពើខ្នាតធំ ប៉ុន្តែលោក រ៉ាវុឌ សង្កេតឃើញថា កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តបន្ទាយមានជ័យ និងសៀមរាប មានឈ្មួញក្រៅប្រទេសកុម្ម៉ង់បកយកស្បែកញឹកញាប់ដែរ។ ប៉ុន្តែស្បែកដែលបកនោះ គឺជាប្រភេទស្បែកលេខ២ និងលេខ៣ ព្រោះក្រពើដាក់ចិញ្ចឹមចូលគ្នាក្នុងអាងតែមួយវាខាំគ្នា ឬប៉ះអាងរហែកស្បែក។
មន្ត្រីជំនាញប្រាប់ថា ការចិញ្ចឹមក្រពើយកស្បែក ត្រូវមានការថែទាំខ្ពស់ទាំងការផ្ដល់ចំណី អាងទឹកស្អាត និងទ្រុងត្រូវមានមួយៗដាច់ដោយឡែកពីគ្នា ដើម្បីរក្សាស្បែកក្រពើកុំឲ្យដាច់រលាត់។ ប្រការទាំងនេះហើយដែលធ្វើឲ្យអ្នកចិញ្ចឹមក្រពើភាគច្រើនមិនសូវចង់ចិញ្ចឹមក្រពើយកស្បែក ហើយទីផ្សារកសិផល ជាពិសេសសត្វក្រពើឡើងចុះមិនទៀងទាត់ ធ្វើឲ្យពួកគេខ្លាចខាតបង់ប្រាក់ច្រើនលើមុខរបរនេះ។
កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តកំពង់ឆ្នាំងមាន ១៦កន្លែងក្នុងនោះ ២កន្លែងនៅស្រុករលាប្អៀរ ៤កន្លែងនៅស្រុកបរិបូរណ៍ និង ១០កន្លែង នៅក្រុងកំពង់ឆ្នាំង ហើយកសិដ្ឋានទាំងនេះសុទ្ធតែចិញ្ចឹមយកកូនលក់។
មន្ត្រីរដ្ឋបាលជលផលខេត្តនេះឲ្យដឹងថា កសិដ្ឋានទាំង ១៦ កន្លែងមានក្រពើឈ្មោលជាងបីពាន់ក្បាល (៣.៤៥២) ក្រពើញីជាងពីរពាន់ក្បាល (២.៤៤៥) និងក្រពើជំទង់ដែលមានប្រវែងមួយម៉ែត្រ ឬ១ម៉ែត្រ ៧តឹក ជិតពីរពានប្រាំមួយរយក្បាល (២.៥៨០)។ កសិដ្ឋានទាំងនេះ គឺជាប្រភេទកសិដ្ឋានចិញ្ចឹមភ្ញាស់យកកូនលក់ ដែលក្នុង១ឆ្នាំៗភ្ញាស់កូនក្រពើបានជាង ៤ម៉ឺនក្បាល ដើម្បីលក់ចេញទៅក្រៅប្រទេស៕