ការប្រមូលផលម្រេចនៅទូទាំងប្រទេស បានបញ្ចប់ទៅហើយនៅចុងខែមិថុនា កន្លងទៅថ្មីៗនេះ។ ម្រេចកំពត ដែលជាទំនិញសម្គាល់ទីតាំងភូមិសាស្...
ការប្រមូលផលម្រេចនៅទូទាំងប្រទេស បានបញ្ចប់ទៅហើយនៅចុងខែមិថុនា កន្លងទៅថ្មីៗនេះ។ ម្រេចកំពត ដែលជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្របានរក្សាតម្លៃថេរដដែល ក៏ប៉ុន្តែម្រេចនៅតំបន់ដទៃទៀតនៅទូទាំងប្រទេសកំពុងធ្លាក់ថ្លៃយ៉ាងគំហុក ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់កសិករអ្នកជំនាញ និងក្រសួងកសិកម្ម។
នៅក្រោយរដូវប្រមូលផលឆ្នាំនេះ ម្រេចកំពត នៅរក្សាតម្លៃថេរដដែល គឺម្រេចស មានតម្លៃ ២៨ដុល្លារ ម្រេចក្រហម ២៥ដុល្លារ ម្រេចខ្មៅ ១៥ដុល្លារក្នុងមួយគីឡូក្រាម។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ ថ្លែងប្រាប់អាស៊ីសេរីថា ម្រេចកំពត ដែលអាចផលិតបានតាមស្តង់ដារសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិនៅឆ្នាំនេះមានប្រមាណ ៨០តោន តិចជាងការរំពឹងទុកប្រហែល ២០តោន។ មូលហេតុដែលមិនអាចសម្រេចបាន ១០០តោន គឺដោយសារម្រេចដែលអាចដាក់ឈ្មោះម្រេចកំពតបាន ត្រូវបំពេញលក្ខខណ្ឌច្រើនចំណុច ដូច្នេះបើមានខុសលក្ខខណ្ឌបន្តិចបន្តួច គឺមិនត្រូវបានរាប់បញ្ចូលជាម្រេចកំពតនោះទេ៖ «យើងផ្ដោតសំខាន់ទៅលើតែគុណភាព ដូច្នេះ ១០០តោន យើងចម្រាញ់យកគុណភាពបានតែ ៨០តោន ព្រោះម្រេចកំពតយើងនិយាយពីគុណភាពផង និងសោភ័ណភាពផង ដែលសំដៅទៅលើទំហំ ពណ៌ ដែលត្រូវបានកំណត់ក្នុងសៀវភៅបន្ទុក»។
លោក ងួន ឡាយ បញ្ជាក់ទៀតថា កសិករ និងផលិតករម្រេចកំពត មិនព្រួយបារម្ភនឹងបញ្ហាទីផ្សារ និងតម្លៃម្រេចដែលផលិតបាននោះទេ ព្រោះម្រេចកំពតមានគុណភាពខ្ពស់ និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្រទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសនៅទីផ្សារអឺរ៉ុប។
ផ្ទុយពីម្រេចកំពត ម្រេចនៅតំបន់ផ្សេងទៀតកំពុងធ្លាក់ថ្លៃយ៉ាងគំហុក ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់កសិករ។
លោក ភុំ សុវឌ្ឍន់ គឺជាប្រធានសហគមន៍ម្រេចសរីរាង្គគគីរមេមង ដែលស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកបញ្ជាក់ថា ម្រេចដែលកសិករនៅតំបន់របស់លោកផលិតបានមានតម្លៃមិនស្ថិតស្ថេរនោះទេ គឺចន្លោះពី ៣ ទៅ ៤ដុល្លារក្នុងមួយគីឡូក្រាម។ នេះជាតម្លៃមួយដ៏ទាប បើធៀបនឹងតម្លៃកាលពីឆ្នាំមុនដែលស្ថិតនៅចន្លោះ ៨ ទៅ ៩ដុល្លារក្នុងមួយគីឡូក្រាម។
លោកយល់ឃើញថា មានកត្តាជាច្រើនដែលអាចធ្វើឲ្យតម្លៃម្រេចនេះត្រូវធ្លាក់ចុះ ដូចជាការផលិតលើសតម្រូវការ ម្រេចដែលផលិតបានខ្វះគុណភាព ឬមានប្រើសារធាតុគីមីច្រើនហួស ជាដើម។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា សហគមន៍របស់លោក នឹងប្រឹងប្រែងផលិតម្រេចឲ្យបានតាមស្តង់ដារ តែអ្វីដែលលោកសំណូមពរនោះ គឺចង់ឲ្យរដ្ឋាភិបាលជួយទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន៖ «គាត់ជួយផ្សព្វផ្សាយចេញទៅ ថាឥឡូវមានសហគមន៍មានម្រេចដែលត្រូវតាមស្តង់ដារ។ ពេលធ្វើបាន ពួកខ្ញុំទាមទារតែប៉ុណ្ណឹងទេ។ ចង់ឲ្យគាត់ផ្សព្វផ្សាយទៅឲ្យខាងដៃគូវិនិយោគគេខាងក្រៅ គេមកគេស្គាល់»។
ឆ្លើយតបរឿងនេះ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម លោក ខាន់ សំបាន បញ្ជាក់ថា ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាធ្លាក់ចុះតម្លៃកសិផល ហើយកំពុងរិះរកមធ្យោបាយដោះស្រាយបញ្ហានេះ៖ «យើងរកទីផ្សារជូនប្រជាជន ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ ក៏ចូលរួមចំណែកដែរ ប៉ុន្តែគ្រាន់តែទីផ្សារពិភពលោកធ្លាក់ថ្លៃទៅហើយ ចង់ឲ្យទីផ្សារយើងឡើងម្ដេចនឹងកើត។ ក្រសួងនឹងស្វះស្វែងរកអ្នកវិនិយោគឲ្យមកធ្វើការវិនិយោគនៅស្រុកយើងផ្ទាល់តែម្តង ឲ្យគេប្រមូលទិញផលិតផលពីស្រុកយើង នាំចេញទៅបរទេសតែម្តង»។
នៅឆ្នាំ២០១៧ នេះ ផ្ទៃដីដាំដុះម្រេចនៅទូទាំងប្រទេសមានចំនួនជាង ៦ពាន់ហិកតារ (៦.៦៧៨ហិកតារ) ដែលផ្តល់ផលសរុបជាង ២ម៉ឺនតោន។ មិនមានការសិក្សាណាមួយដែលបង្ហាញពីបរិមាណតម្រូវការម្រេចនៅកម្ពុជា នៅឡើយទេ។ ម្រេចដែលកម្ពុជា ផលិតបានភាគច្រើនបំផុត គឺនាំចេញទៅប្រទេសវៀតណាម។
អ្នកជំនាញខាងកសិកម្ម និងជាប្រធានក្រុមពង្រឹងសមត្ថភាពមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ទទួលស្គាល់ថា ការធ្លាក់ចុះតម្លៃម្រេចនេះ គឺដោយសារនិន្នាការទីផ្សារអន្តរជាតិ ក៏ប៉ុន្តែលោកថា មូលហេតុសំខាន់បំផុតនោះ គឺដោយសារការពឹងផ្អែកខ្លាំងពេកលើទីផ្សារនាំចេញទៅវៀតណាម។
លោកថា វៀតណាម កាត់បន្ថយការទិញម្រេចពីកម្ពុជា ដោយសារមូលហេតុពីរយ៉ាង គឺវៀតណាម ខ្លួនឯងផលិតបានម្រេចច្រើនដល់ទៅជិត ២០ម៉ឺនតោននៅឆ្នាំនេះ ហើយទីពីរ គឺដោយសារការនាំចេញទៅទីផ្សារអឺរ៉ុប ត្រូវបានកាត់បន្ថយ ដោយសារអ្នកជំនាញរកឃើញថា ម្រេចវៀតណាម មានកម្រិតសារធាតុគីមីខ្ពស់។
ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានចំពោះផលិតកម្មម្រេច បណ្ឌិត យ៉ង សាំងកុមារ ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ជាងនេះទាំងការផ្តល់បច្ចេកទេស និងការស្វែងរកទីផ្សារជូនកសិករ៖ «យើងត្រូវតែបញ្ជូនអ្នកបច្ចេកទេសរបស់ក្រសួងកសិកម្ម ឲ្យចុះទៅធ្វើការជាមួយអ្នកចម្ការម្រេចទាំងអស់ហ្នឹងទៅ ជួយឲ្យគាត់រៀបចំទៅតាមស្តង់ដារទៅ។ ទីពីរ គឺជួយជជែកគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក អាចនាំម្រេចខ្មែរចេញទៅកាន់ទីផ្សារ។ ទីបី យើងបង្កើតកម្មវិធីឥណទានម្រេច ដើម្បីជួយដល់អ្នកដាំម្រេចមួយចំនួនដែលកំពុងជួបហានិភ័យទាក់ទងរឿងសងបំណុលដោយសារម្រេចចុះថោក ហើយម្យ៉ាងទៀតជាទុនដើម្បីឲ្យក្រុមហ៊ុន ឬសហគមន៍ធ្វើការវិនិយោគជាឃ្លាំង ជាកន្លែងកែច្នៃម្រេចតាមស្តង់ដារ។ ធ្វើរបៀបនេះទើបយើងងាយស្រួលក្នុងការនាំចេញ»។
បណ្ឌិត យ៉ង សាំងកុមារ យល់ឃើញថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាចំពោះឧស្សាហកម្មម្រេច ពីព្រោះកម្ពុជា មានសក្ដានុពលចំពោះការដាំដុះម្រេច ហើយមានកសិកររាប់ពាន់នាក់រួចទៅហើយដែលបានវិនិយោគធនធានរបស់ខ្លួនដាំដុះម្រេច។
សំខាន់ជាងនេះទៅទៀត គឺដោយសារម្រេចជាគ្រឿងទេសដ៏ចាំបាច់ និងមានតម្លៃខ្ពស់នៅលើពិភពលោក ដែលអាចរកប្រាក់ចំណូលជាច្រើនចូលជាតិ។ ជាឧទាហរណ៍ គ្រាន់តែម្រេចមួយមុខ វៀតណាម អាចរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។
នៅឆ្នាំ២០១៥ វៀតណាម រកចំណូលបានជាង ១.២០០លានដុល្លារអាមេរិក (១,២៩ពាន់លានដុល្លារ) ហើយនៅឆ្នាំ២០១៦ វៀតណាម រកចំណូលបានជាង ១.៤០០លានដុល្លារ (១,៤២ពាន់លានដុល្លារ) ពីការនាំចេញម្រេចទៅទីផ្សារអន្តរជាតិ។
ងាកមកកម្ពុជា វិញ បើកម្ពុជា អាចមានលទ្ធភាពនាំម្រេចចេញទៅទីផ្សារអន្តរជាតិបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើទីផ្សារវៀតណាម យ៉ាងហោចណាស់ក៏កម្ពុជា អាចរកចំណូលបានជាង ១០០លានដុល្លារក្នុងមួយឆ្នាំដែរពីដំណាំឧស្សាហកម្មមួយនេះ។ នេះបើគិតតាមបរិមាណម្រេចដែលកម្ពុជា ផលិតបាន រួមនឹងតម្លៃម្រេចស្តង់ដារលើទីផ្សារអន្តរជាតិ៕