សម្តេច​ ជួន ​ណាត​ មហា​បុរស​ខ្មែរ

សម្តេច​ ជួន ​ណាត​ មហា​បុរស​ខ្មែរ

Juon nat         ភ្នំពេញ: ​ថៃ្ង​ទី​២៥ ​ខែ​កញ្ញា ​ជា​ថៃ្ង​ខួប​ទិវា​មរណទុក្ខ​ដ៏​ធំធេង​មួយ​របស់ប្រជារាស្ត្រ​ខ្មែរ ដែល​បាន​បាត់បង់​កំពូល​អ្នកប្រាជ្ញ​មួយអង្គ​ដ៏​មាន​គុណបំណាច់​ខ្ពស់​ចំពោះ​ជាតិ និង​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ មិនត្រឹម​តែ​រយៈពេល​៥​ទសវត្សរ៍​នៃ​ជីវិត​ព្រះអង្គ​ទេ គឺ​ជា​រៀងរហូត​មិនអាច​បំភ្លេច​បាន​ឡើយ ។
​         ​ថៃ្ង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថៃ្ង​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០​ និង​២០​នាទី សម្តេចព្រះសង្ឃរាជជួន ណាត បាន​សោយ​ព្រះ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះវស្សា នៅលើ​ព្រះ​ទែនសយនា​ដោយ​ស្ងប់ស្ងៀម នា​ល្វែង​ធំ​នៅក្នុង​រាជដំណាក់​ព្រះអង្គ​នា​វត្ត​ឧណ្ណា​លោម ។​
សម្តេចព្រះសង្ឃរាជ​ទ្រង់​បានប្រសូត​នៅ​ថៃ្ង​អង្គារ ១០​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ពុទ្ធ​សករាជ ២៤២៧ ត្រូវ​នឹង​ថៃទី​១១ ​ខែ​មីនា​ ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ព្រះ​ជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នាម យន់ ព្រះ បិតា​នាម ព្រហ្ម ជួន ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់ គឺ​អង្គ​សម្តេចព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ជា​ព្រះអនុជ​នៃ​សម្តេចព្រះសង្ឃរាជ ។​
​        ​កាល​ស្ថិតក្នុង​កុមារភាព សម្តេច​បាន​ចាប់ផ្តើម​ចូល​រៀនសូត្រ​ពី​ព្រះជន្ម​១២​ឆ្នាំ ក្នុង​វត្ត​ពោ​ល្យំ ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ លុះ​ព្រះជន្ម​១៤​ឆ្នាំ ទើប​ព្រះអង្គ​បាន​បួស​ជា​សាមណេរ ហើយ​ឆ្នាំ​១៨៨៩ ពោល​គឺ​ក្នុង​ព្រះជន្ម​១៦​វស្សា សម្តេច​បាន​និមន្ត​មក​គង់នៅ​វត្ត​ឧណ្ណាលោម​ដើម្បី​បន្ត​ការសិក្សា ។ ពេល​សម្តេច​ក្លាយជា​ភិក្ខុ ក្នុង​ព​.​ស​២៤៤៨ គ​.​ស​១៩០៤ ព្រះអង្គ​ទទួល​ព្រះនាម​បញ្ញតិ​ថា ជោត​ញ្ញា​ណោ សម្តេច ព្រះសង្ឃរាជ​មាន​សេចក្តី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុងការសិក្សា ទាំង​ផ្នែក​ភាសាបាលី និង​ភាសា​ឯទៀតៗ មាន​ភាសា​បារាំង​ជាដើម ។
​        ​ការសិក្សា​របស់​សម្តេច​ព្រះសង្ឃរាជ​មាន​ជោគជ័យ​ប្រសើរ​ណាស់ ដែល​គេ​បានកត់សម្គាល់​ឃើញ​ថា ក្នុង​ជំនាន់​ជាមួយគ្នា​នឹង​សម្តេច មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​រៀន​លើស​អ្នក​ឯទៀត ។ សម្តេចព្រះសង្ឃរាជ​ទ្រង់​ចាប់​រៀន​វិជ្ជា​ណាមួយ​មាន​បាលី សំស្ក្រឹត បារាំង​ជាដើម គឺ​រៀនដោយ​ការប្រឹងប្រែង​ប្រាកដប្រជា គ្មាន​បន្ធូរបន្ថយ​ដៃ​ឡើយ ។ នៅ​ព​.​ស​២៤៥៧ សម្តេច​ទ្រង់​បាន​ចូល​ប្រឡងដេញប្រយោគ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​នា​សម័យ​នោះ ។
​ ​      ពីរ​ឆ្នាំ​ក្រោយមក សម្តេច​ទទួល​ការតែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់ ដែល​ក្រោយមក​ឈ្មោះថា ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រិត ។ នៅ​ព​.​ស​២៤៦៦ និង​ព​.​ស​២៤៦៧ សម្តេច​បាន​និមន្ត​ទៅ​បំពេញវិជ្ជា​ខាង ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារិក​នៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​សំណាក់​លោក ល្វី​ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​នោះ ។ ព​.​ស​២៤៨៦ សម្តេច​បាន​ទទួល​ការតែងតាំង​ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ ។ ​ពីរ​ឆ្នាំ​ក្រោយមក​ព្រះអង្គ​បាន​ទទួល​តំណែង​ជា​ចៅអធិការ​វត្ត​ឧណ្ណា​លោម ។ ឆ្នាំ​បន្ទាប់មកទៀត សម្តេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ ។ បី​ឆ្នាំ​ក្រោយមក សម្តេច​បាន​ទទួល​នាទីជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ “​ក​” នៃ​គណៈកម្មការ​ជាតិ​ខាង​ការសិក្សា ។ ឆ្នាំ​បន្ទាប់​ទ្រង់​បានទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ​ក្នុង​ព្រះរាជាណាចក្រ ចាប់តាំងពី​ឆ្នាំ​១៩៦១ ​រហូត​ដល់​ថ្ងៃ​ចូល​ទិវង្គត សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ព្រះប្រធាន​នៃ​ការសម្ភាសន៍​អក្សរសាស្ត្រ​ផ្សាយ​តាម​វិទ្យុជាតិ​រៀងរាល់ថៃ្ង​សុក្រ ។ គ​.​ស ១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ ប្រវត្តិសាស្ត្រ​ខ្មែរ ៘​
​   ​ក្រៅពី​តួនាទី​ធំៗ ដែល​ព្រះអង្គ​ទទួល​រ៉ាប់រង​ធ្វើជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស សម្តេច​ទ្រង់​បាន​ចាកចេញ ធ្វើ​សកម្មភាព​ក្រៅប្រទេស​ជា​ច្រើន​ទៀត ជាអាទិ៍​និមន្ត​ទៅ​ប្រទេស​ឡាវ ទៅ​កម្ពុជា​ក្រោម ដើម្បី​ជួយ​ពង្រឹង​ព្រះពុទ្ធសាសនា​នៅ​ទីនោះ ទៅ​ប្រទេស​ស្រីលង្កា​ដើម្បី​ប្រជុំ​សន្និសីទ​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ទៅ​សហភាព​ភូមា​ដើម្បី​ប្រឹក្សា​សម្រេច​រឿង​ឆ​ដ្ឋ​សង្គាយ​នា ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​បំពេញ​កិច្ចការ​ព្រះពុទ្ធសាសនា​ជា​ច្រើន​ ។​
​ ​    បន្ទាប់ពី​បាន​ទទួល​នូវ​សមណសក្តិ​ជា​បន្តបន្ទាប់​ជា​ច្រើន តាំងពី​ថ្នាក់​ព្រះ​បាឡាត់​សក្យបុត្តិយ៍ ព្រះគ្រូ​សង្ឃ​សត្ថា លេខា​ផ្ទាល់​សម្តេច​សង្ឃរាជ​ទៀត​, នៅ​គ​.​ស​១៩៣១ សម្តេច​បាន​ឡើង​សមណ​សក្តិ ជា​ព្រះ​សាសន​សោភ័ណ ដែល​ជា​រាជាគណៈ​កិត្តិយស ​។ ​ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានន្តរសក្តិ​កាន់តែ​ខ្ពស់​ឡើង​រហូត ដល់គ​.​ស​១៩៤៨ បាន​ទទួល​សមណសក្តិ​ខ្ពស់​បំផុត​ជា​ព្រះ​មហាសុមេធាធិបតី​សង្ឃនាយក​គណៈមហានិកាយ ​។ ឆ្នាំ​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​ជា​ព្រះ​អគ្គមហាបណ្ឌិត​សហភាព​ភូមា ក្រោយមក​ឆ្នាំ​១៩៥៧ ភូមា​ដដែល​សូម​ដំឡើង​ឋានៈ​មួយកម្រិត​ទៀត ជា​ព្រះ​អភិ​ធ​ជ​មហារដ្ឋ​គរុ​នៃ​សហភាព​ភូមា ដែល​ជា​សមណសក្តិ​ខ្ពស់បំផុត​ មានតែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា ។ នៅ​មាន​ការថ្វាយ​ព្រះ​ឋានៈព្រះអង្គ​ជា​ច្រើនទៀត​ពី​សំណាក់​សមាគម​ក្នុង​និង​ក្រៅប្រទេស ប៉ុន្តែ​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ពីរ​ទៀត​មិនអាច​បំភ្លេច​បាន គឺ​ព្រះអង្គ​ទ្រង់បាន​ទទួល​នូវ​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ និង​ជា​បណ្ឌិត​អក្សរសាស្ត្រ​ពេញលក្ខណៈ​អំពី​សម្តេច​ព្រះ​ប្រមុខរដ្ឋ ។​
​ ​    ក្រៅពី​ឋានន្តរសក្តិ​ដ៏​ខ្ពស់ៗ ព្រះអង្គ​ក៏​បាន​ទទួល​មេដាយ​ខ្ពស់ៗ រហូត​ដល់​ផុត​លេខ​ចំនួន​១០​មេដាយ ពីប្រទេសជាតិ និង​បរទេស ។​​ ជាមួយនឹង​ព្រះរាជកិច្ច​ធំៗបម្រើ​ឱ្យ​ព្រះពុទ្ធសាសនា​ក្នុង​ពិភពលោក និង​បម្រើ​ឱ្យ​ជាតិខ្មែរ​ទាំងមូល សម្តេច​នៅ​បាន​បំពេញ​កិច្ចការជា​ផលប្រយោជន៍​សាធារណៈ​ដោយ​ចំពោះ​ចំនួន​៣២​មុខ​ទៀត ។​
​ ​ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​សំខាន់ៗ​របស់​ព្រះអង្គ​ខាង​អក្សរសាស្ត្រ គឺ​ព្រះអង្គ​បាន​កសាង​គម្ពីរ​ដីកា​ជាច្រើន ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​សម័យ​ថ្មី​ដែល​មាន​ជាអាទិ៍ៈ វចនានុក្រម​ខ្មែរ​មាន​២​ភាគ វេយ្យាករណ៍​បាលី គិ​ហិប​ដិ​ប​ត្តិ សាមណេរ​វិន័យ បាតិមោក្ខ​សម្រាយ កាព្យ​លោកធម៌ នា​គោ​ប​មាទិកថា សុភមង្គល​គាថា បាលី​៧​គា​ថា បព្វជ្ជា​ខ​ន្ធ​កៈ​សង្ខេប ៘​
​ ​នៅ​មាន​ព្រះ​កេរ្តិ៍​មួយ​ដ៏​សំខាន់​ណាស់ ដែល​យើង​កំពុង​ស្តាប់​ឮ​រាល់​ថៃ្ង គឺ​បទ​គោរព​ទង់ជាតិ​ខ្មែរ​ឈ្មោះ បទ “​នគរ​រាជ​” ដែល​ជា​ព្រះ​រាជនិពន្ធ​ដោយ​ផ្ទាល់​របស់​ព្រះអង្គ ។​
​ ​    នៅ​ក្នុង​ព្រះ​រាជប្រវត្តិ​ជីវិត​របស់​ព្រះអង្គ មាន​ប្រវត្តិ​បដិវត្តន៍​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះអង្គ ដែល​គេ​មិនអាច​បំភ្លេច​បាន ។ ច្រើន​ជំនាន់​មក​តាំងពី​ប្រទេស​កម្ពុជា​ត្រូវ​ខ្មាំង​ឈ្លានពាន​ពី​គ្រប់ទិសទី ព្រះពុទ្ធ​សាសនា​ក៏​ចុះ​ឱនថយ​គ្មាន​របៀបរបប​ត្រឹមត្រូវ ។ ក្នុង​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​ប្រមាណ​៣០​ព្រះវស្សា​សម័យ​នោះ បន្ទាប់ពី​សម្តេច​ព្រះ​មហា​សង្ឃរាជ​ព្រះនាម​ទៀង​ចូល​ទិវង្គត​ទៅ ព្រះពុទ្ធសាសនា​ខ្មែរ​ពេល​នោះ​ហាក់​គ្មាន​អ្នក​ដឹកនាំ​ដ៏​មាន​សមត្ថភាព​ទៀត​ទេ ។ ព្រះ​ធម្មលិខិត​សង្ឃនាយក​ព្រះនាម កែ អ៊ុក ដែល​ទើប​តែងតាំង​ថ្មី​ជា​អ្នក​អភិរក្សនិយម​ខុស​ទំនង ។ ដើម្បី​កែប្រែ​ព្រះពុទ្ធសាសនា ដែល​ល្អៀង​ឃ្លាត​ពី​មាគ៌ា​ដើមនៃ​ព្រះពុទ្ធសាសនា ព្រះគ្រូ​៣​រូប​មាន​ ព្រះគ្រូ​វិម​ល​បញ្ញោ​ព្រះនាម អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា​ព្រះនាម ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត បាន​ពុះពារ​គ្រប់​ឧបសគ្គ ដែល​បង្កឡើង​ដោយ​គណៈសង្ឃ​អភិរក្សនិយម​ទាំងនោះ ដើម្បី​កសាង​ពង្រឹង​ព្រះពុទ្ធសាសនា​ឱ្យ​ឯកភាព សាមគ្គីភាព និង​រុងរឿង​ថ្លៃថ្នូរ​ក្រៃលែង ​៕
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
static_page
មាន លាភ: សម្តេច​ ជួន ​ណាត​ មហា​បុរស​ខ្មែរ
សម្តេច​ ជួន ​ណាត​ មហា​បុរស​ខ្មែរ
មាន លាភ
https://mean-leap.blogspot.com/p/blog-page_51.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/p/blog-page_51.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy