អ្នក​ជំនាញ​ណែនាំ​កសិករ​ឲ្យ​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ខណៈ​តម្លៃ​កូន​ក្រពើ​ធ្លាក់​ចុះ

សត្វ​ក្រពើ​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​មួយ នា​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧...


សត្វ​ក្រពើ​ដែល​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​មួយ នា​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៧។ RFA/Chin Chetha
ញ្ចឹម​ក្រពើ​ក្នុង​ស្រុក​ជា​ច្រើន ត្អូញត្អែរ​កាន់​តែ​ខ្លាំង​ចំពោះ​បញ្ហា​តម្លៃ​លក់​កូន​ក្រពើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ។ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​អះអាង​ថា ទីផ្សារ​លក់​កូន​ក្រពើ​ចេញ​មិន​អាក្រក់​ដែល​អាច​ប៉ះពាល់​ជីវភាព​អ្នក​ចិញ្ចឹម ឬ​បាត់បង់​អ្នក​ចិញ្ចឹម​សត្វ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​បើ​កសិករ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ជំនួស​ការ​លក់​កូន​ក្រពើ​រស់​នោះ​ទីផ្សារ​កាន់​តែ​ល្អ។
បច្ចុប្បន្ន​តម្លៃ​កូន​ក្រពើ​ទើប​ញាស់​លក់​បាន​ចន្លោះ​ពី ១២ ទៅ ១៤​ដុល្លារ​ក្នុង​មួយ​​ក្បាល ដែល​តម្លៃ​នេះ​ថោក​ជាង​កាល​ពី​ពីរ​ឆ្នាំ​មុន​ចំនួន ៦​ដុល្លារ ពោល​គឺ​លក់​បាន​ចន្លោះ​ពី ១៨ ទៅ ២០​ដុល្លារ ក្នុង​១​ក្បាល។ ក្រុម​កសិករ​ត្អូញ​ថា រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ​ក្រៅ​ពី​ណែនាំ​ឲ្យ​កសិករ​ចិញ្ចឹម​ក្រពើ​យក​កូន​លក់ ឬ​សាច់​លក់ និង​ម្ដង​ឲ្យ​ចិញ្ចឹម​យក​ស្បែក​លក់​លំបាក​នឹង​តាម​ទាន់​ទីផ្សារ។
ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ម្នាក់​នៅ​ភូមិ​ត្រពាំងចឹកសា ក្រុង​កំពង់ឆ្នាំង លោក ហ៊ឺ ផេងឡា ឲ្យ​ដឹង​ថា កូន​ក្រពើ​ដែល​លោក​ភ្ញាស់​បាន និង​លក់​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៧ មិន​បាន​ចំណេញ​ឡើយ គឺ​បាន​ត្រឹម​តែ​រួច​ថ្លៃ​ដើម និង​ពេល​ខ្លះ​ខាត​តិចតួច​ទៀត​ផង បើ​ទូទាត់​ទៅ​លើ​កម្មករ និង​ថ្លៃ​ទិញ​ចំណី​យក​ឲ្យ​ក្រពើ​ស៊ី។
លោក​ថា ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់ វា​កាន់​តែ​ធ្វើ​មិន​បាន​ទៀត​ចំពោះ​កសិករ៖ «សូម្បី​តែ​ចំណី​ក៏​យើង​ទិញ​ពី​ស្រុក​គេ​យក​មក​ឲ្យ​សត្វ​ស៊ី​ដែរ! យើង​ទៅ​រក​ចំណី​ឯ​ណា​បើ​ត្រី​នៅ​ក្នុង​ទន្លេសាប រក​ឲ្យ​តែ​ប្រជាជន​ស៊ី​មិន​ចង់​បាន​ផង​ហ្នឹង។ ឥឡូវ​ចំណី​ទាំង​អស់​ហ្នឹង​ថ្លៃ អ៊ីចឹង​បើ​យើង​ចិញ្ចឹម​យក​ស្បែក​សួរ​ថា តើ​មាន​ក្រុមហ៊ុន អង្គការ ឬ​ខ្ញុំ​និយាយ​ឲ្យ​ចំ​ទៅ​មាន​ក្រុមហ៊ុន​ណា​មួយ​ដែល​ហ៊ាន​ធានា​អះអាង​ថា ឥឡូវ​យើង​ចិញ្ចឹម​ទៅ​គណនា​ទៅ​ថា ឲ្យ​ចំណេញ​អា​ហ្នឹង​គេ​រីករាយ​នឹង​ចិញ្ចឹម តែ​សព្វថ្ងៃ​វា​អត់​មាន​ដល់​ពេល​អ៊ីចឹង​សួរ​ថា ពេល​បាន​ផល​យក​ទៅ​លក់​អ្នក​ឯ​ណា»
លោក ហ៊ឺ ផេងឡា ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ជួយ​រក​ទីផ្សារ​លក់​កូន​ក្រពើ​ជូន​កសិករ​ជា​ជាង​ណែនាំ​ឲ្យ​កសិករ​ធ្វើ​អ្វី​ដែល​លើស​ពី​លទ្ធភាព​របស់​ពួកគេ។ លោក​ថា អ្នក​ចិញ្ចឹម​ក្រពើ​ពុំ​មាន​អ្នក​ណា​ម្នាក់​ខ្ជិលច្រអូស ឬ​មិន​ចង់​បាន​ផល​ចំណេញ​វិញ​ខ្លះ​ពី​ការ​ខិតខំ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ចិញ្ចឹម​ក្រពើ​ភាគ​ច្រើន​បើ​ពឹង​ផ្អែក​តែ​លើ​មុខ​របរ​នេះ​មួយ​មុខ​គត់ គឺ​មិន​អាច​ទៅ​រួច​ឡើយ។
នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា មាន​ប្រសាសន៍​ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ស្រុក​មិន​ខាត​ដើម ឬ​ជំពាក់​បំណុល​គេ ដោយសារ​តម្លៃ​កូន​ក្រពើ​ចុះ​ថោក​ឡើយ ពោល​គឺ​កសិករ​នៅ​តែ​លក់​បាន​ចំណេញ ប៉ុន្តែ​មិន​ច្រើន​ដូច​ពី​មុន។
លោក​យល់​ថា បញ្ហា​ទីផ្សារ​បច្ចុប្បន្ន ព្រោះ​តែ​តម្រូវ​ការ​ទីផ្សារ​ក្រពើ​អន្តរជាតិ​មាន​គ្រប់គ្រាន់៖ «វា​ជាក់ស្ដែង​ទៅ​តាម​ឆ្នាំ​មួយៗ បើ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ថ្លៃ អ៊ីចឹង​អ្នក​ចិញ្ចឹម​ក្រពើ​ដឹង​តែ​បើក​ភ្នែក​ឡើង​ញញឹម​ហើយ។ តម្លៃ​ជាក់​ស្ដែង​កន្លង​មក បើ​សិន​ខាង​ទីផ្សារ​ខាង​វៀតណាម ស៊ី​ផង និង​ថៃ ស៊ី​ផង តម្លៃ​ចាប់​ផ្ដើម​ក្បាល​ឆ្នាំ គឺ ២៨​ដុល្លារ (ក្រពើ​សម្រាប់​លក់​យក​សាច់) ប៉ុន្តែ​ដល់​ឥឡូវ​នេះ​ថៃ មាន​កូន​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​បាន​អ៊ីចឹង​ខាង​ថៃ អត់​ត្រូវ​ការ​ទិញ ហើយ​ឥឡូវ​មាន​ទីផ្សារ​ច្រក​តែ​មួយ អ៊ីចឹង​វា​រៀង​ចុះ​បន្តិច»
លោក​ទទួល​ស្គាល់​ថា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ពិត​ជា​មាន​ការ​លំបាក និង​ចំណាយ​ដើមទុន​ធំ ដើម្បី​ចិញ្ចឹម​ក្រពើ​យក​ស្បែក​កែច្នៃ ឬ​នាំ​ចេញ​ក្រៅ​ប្រទេស ព្រោះ​ត្រូវ​ចិញ្ចឹម​រយៈ​ពេល​បី​ឆ្នាំ ទើប​បាន​ផល។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់ ជា​ជាង​លក់​កូន​រស់ ហើយ​វិធានការ​នេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ និង​ផ្ដល់​បច្ចេកទេស​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រួច​ហើយ។
លោក លី ឡា បន្ថែម​ថា ទីផ្សារ​ក្រពើ​របស់​កម្ពុជា ដែល​ធ្លាប់​នាំ​ចេញ​ទៅ​ថៃ ត្រូវ​បាន​ផ្អាក​ដោយ​ប្រទេស​នេះ​មាន​គ្រប់គ្រាន់ ប៉ុន្តែ​វៀតណាម នៅ​តែ​បន្ត​ទិញ​កូន​ក្រពើ​ពី​កម្ពុជា នៅ​ឡើយ។ ដូច្នេះ​កសិករ​គួរ​តែ​បង្កើន​ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ជំនួស​ការ​លក់​កូន​ក្រពើ​រស់​ទៅ​ក្រៅ​ប្រទេស ដើម្បី​ជួយ​ទីផ្សារ​ក្រពើ​នៅ​កម្ពុជា មាន​ហាងឆេង​ឡើង​វិញ ឬ​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន៖ «បើ​សិន​ជា​យើង​មាន​លទ្ធភាព​ចិញ្ចឹម​យក​កូន​ទៅ​ជា​ចិញ្ចឹម​យក​ស្បែក​វិញ​នោះ យើង​មិន​ពិបាក​ទីផ្សារ​ទៀត​ទេ តែ​កន្លង​មក​យើង​ធ្វើ​អត់​ទាន់​បាន ដោយសារ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​យក​ស្បែក​វា​ទាមទារ​ថវិកា​ធំ»
ចំណែក​ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក បញ្ជាក់​ថា បើ​កសិករ​លក់​កូន​ក្រពើ​រស់ ១​ក្បាល​ទៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ឲ្យ​កសិករ​ខាត​បង់​ប្រាក់​ចំណេញ​ជាង ១០០​ដុល្លារ បើ​ប្រៀបធៀប​នឹង​ការ​ចិញ្ចឹម​ដល់​អាយុ​បី​ឆ្នាំ ដើម្បី​ធ្វើ​ស្បែក​លក់។ ដូច្នេះ​បើ​កសិករ​ងាក​មក​រក្សា​កូន​ក្រពើ ហើយ​ចិញ្ចឹម​វា​ទុក​លក់​ស្បែក គឺ​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​បាន​ច្រើន តាម​រយៈ​ជួល​អ្នក​ថែទាំ​កូន​ក្រពើ និង​អ្នក​ធ្វើ​ស្បែក។
នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ របស់​លោក ណៅ ធួក ផ្ញើ​ជូន​នាយ​អធិការដ្ឋាន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​ទីផ្សារ​ក្រពើ​នៅ​កម្ពុជា រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ សង្គម និង​រួម​ចំណែក​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​វិញ។
ប្រធាន​សាខា​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ក្រពើ​ទាំង​អស់​កំពុង​ចិញ្ចឹម​យក​កូន​លក់ ដោយ​ពួកគេ​ភាគ​ច្រើន​ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ឡើយ ព្រោះ​វា​ត្រូវ​ការ​ដើម​ទុន​ច្រើន និង​បរិវេណ​ដី​ចិញ្ចឹម​ធំ។
លោក​ថា បើ​កសិករ​មាន​លទ្ធភាព​ចិញ្ចឹម​ក្រពើ​យក​ស្បែក​ជំនួស​ការ​ចិញ្ចឹម​លក់​កូន មិន​ខ្វះ​ឡើយ​ទីផ្សារ​លក់​ចេញ៖ «អ្នក​ដែល​ភ័យ​ព្រួយ​តែងតែ​ភ័យ​ព្រួយ​ហើយ ប៉ុន្តែ​របរ បើ​យើង​មើល​ឃើញ​ទាំង​គ្នា​សួរ​ថា គ្មាន​ពី​ណា​មួយ​អត់​ទេ។ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ជួប​ជាមួយ​ក្រុមហ៊ុន​មក​ពី​សាំងហ្គាពួរ គឺ​គាត់​និយាយ​ច្បាស់ គាត់​ថា មាន​ប៉ុន្មាន​ក៏​គាត់​យក​ដែរ​ឲ្យ​តែ​ចូល​ស្តង់ដារ​ដែល​គេ​ត្រូវ​ការ ក៏​ប៉ុន្តែ​យើង​ម្នាក់ៗ​អត់​ហ៊ាន​ធ្វើ​ទេ​អា​បញ្ហា​ថា គេ​មិន​យក​ហ្នឹង​ទៅ​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​សំខាន់​បំផុត​ដើមទុន​វា​ចោទ​ខ្លាំង​ជាង​ហ្នឹង ព្រោះ​អី​យើង​ចិញ្ចឹម​យក​ចូល​ស្តង់ដារ​ទាមទារ​ថា ក្នុង ១​អាង​ដាក់​ក្រពើ​មួយ​ដើម្បី​កុំ​វា​ខាំ​គ្នា ហើយ​យើង​ថែរក្សា​ទឹក​កុំ​ឲ្យ​មាន​បាក់តេរី​នៅ​ក្នុង​ស្បែក»
នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មិន​ទាន់​មាន​រោងចក្រ​ផលិត​ស្បែក​សត្វ ឬ​ទទួល​ទិញ​ស្បែក​ក្រពើ​ខ្នាត​ធំ ប៉ុន្តែ​លោក រ៉ាវុឌ សង្កេត​ឃើញ​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប មាន​ឈ្មួញ​ក្រៅ​ប្រទេស​កុម្ម៉ង់​បក​យក​ស្បែក​ញឹក​ញាប់​ដែរ។ ប៉ុន្តែ​ស្បែក​ដែល​បក​នោះ គឺ​ជា​ប្រភេទ​ស្បែក​លេខ​២ និង​លេខ​៣ ព្រោះ​ក្រពើ​ដាក់​ចិញ្ចឹម​ចូល​គ្នា​ក្នុង​អាង​តែ​មួយ​វា​ខាំ​គ្នា ឬ​ប៉ះ​អាង​រហែក​ស្បែក។
មន្ត្រី​ជំនាញ​ប្រាប់​ថា ការ​ចិញ្ចឹម​ក្រពើ​យក​ស្បែក ត្រូវ​មាន​ការ​ថែទាំ​ខ្ពស់​ទាំង​ការ​ផ្ដល់​ចំណី អាង​ទឹក​ស្អាត និង​ទ្រុង​ត្រូវ​មាន​មួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​រក្សា​ស្បែក​ក្រពើ​កុំ​ឲ្យ​ដាច់​រលាត់។ ប្រការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ភាគ​ច្រើន​មិន​សូវ​ចង់​ចិញ្ចឹម​ក្រពើ​យក​ស្បែក ហើយ​ទីផ្សារ​កសិផល ជា​ពិសេស​សត្វ​ក្រពើ​ឡើង​ចុះ​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​ពួកគេ​ខ្លាច​ខាតបង់​ប្រាក់​ច្រើន​លើ​មុខ​របរ​នេះ។
​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន ១៦​កន្លែង​ក្នុង​នោះ ២​កន្លែង​នៅ​ស្រុក​រលាប្អៀរ ៤​កន្លែង​នៅ​ស្រុក​បរិបូរណ៍ និង ១០​កន្លែង នៅ​ក្រុង​កំពង់ឆ្នាំង ហើយ​កសិដ្ឋាន​ទាំង​នេះ​សុទ្ធ​តែ​ចិញ្ចឹម​យក​កូន​លក់។
មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​នេះ​ឲ្យ​ដឹង​ថា កសិដ្ឋាន​ទាំង ១៦ កន្លែង​មាន​ក្រពើ​ឈ្មោល​ជាង​បី​ពាន់​ក្បាល (៣.៤៥២) ក្រពើ​ញី​ជាង​ពីរ​ពាន់​ក្បាល (២.៤៤៥) និង​ក្រពើ​ជំទង់​ដែល​មាន​ប្រវែង​មួយ​ម៉ែត្រ ឬ​១​ម៉ែត្រ ៧​តឹក ជិត​ពីរ​ពាន​ប្រាំមួយ​រយ​ក្បាល (២.៥៨០)។ កសិដ្ឋាន​ទាំង​នេះ គឺ​ជា​ប្រភេទ​កសិដ្ឋាន​ចិញ្ចឹម​ភ្ញាស់​យក​កូន​លក់ ដែល​ក្នុង​១​ឆ្នាំៗ​ភ្ញាស់​កូន​ក្រពើ​បាន​ជាង ៤​ម៉ឺន​ក្បាល ដើម្បី​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស៕
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: អ្នក​ជំនាញ​ណែនាំ​កសិករ​ឲ្យ​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ខណៈ​តម្លៃ​កូន​ក្រពើ​ធ្លាក់​ចុះ
អ្នក​ជំនាញ​ណែនាំ​កសិករ​ឲ្យ​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក​លក់​ខណៈ​តម្លៃ​កូន​ក្រពើ​ធ្លាក់​ចុះ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKCBECB0xAmbzzFXEiq0S3iTtRd51pIzw7T3ajFu-gijOi4nSkipQyN3O81w9FM3BZTI-Rl59Fi0bD0OskKaL_wssUpbzezwO9cllXVrKjlQjzimjIU3JvMIm_caXfwp7qXShpDCIJrYs/s640/images.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKCBECB0xAmbzzFXEiq0S3iTtRd51pIzw7T3ajFu-gijOi4nSkipQyN3O81w9FM3BZTI-Rl59Fi0bD0OskKaL_wssUpbzezwO9cllXVrKjlQjzimjIU3JvMIm_caXfwp7qXShpDCIJrYs/s72-c/images.jpg
មាន លាភ
https://mean-leap.blogspot.com/2017/07/blog-post_46.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/07/blog-post_46.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy