ក្នុងបទសម្ភាសន៍មួយនៅស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង KBS កាលពីខែឧសភាកន្លងទៅនេះ លោក Jack Ma ជាមហាសេដ្ឋីចិនកំពុងឡើងកូដនោះ ប...
ក្នុងបទសម្ភាសន៍មួយនៅស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង KBS កាលពីខែឧសភាកន្លងទៅនេះ លោក Jack Ma ជាមហាសេដ្ឋីចិនកំពុងឡើងកូដនោះ បានផ្ដល់ដំបូន្មានជាច្រើនទាក់ទងទៅនឹងភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗនៅចន្លោះពីអាយុ ២០ ដល់អាយុ ៦០ ឆ្នាំ។ ផ្អែកលើការបកស្រាយរបស់អតីតគ្រូបង្រៀនអង់គ្លេសវ័យ ៥០ ឆ្នាំរូបនេះបានលើកឡើងថា តាមពិតទៅជីវិតរបស់មនុស្សពីដំណាក់កាលមួយទៅដំណាក់កាលមួយតែងប្រឈមមុខបញ្ហាជាច្រើន ជាពិសេសចាប់ពីអាយុ ២០ ឆ្នាំទៅ ៦០ឆ្នាំ។

ប៉ុន្តែអ្វីដែលមនុស្សគ្រប់រូបត្រូវដឹងនោះគឺថា តើត្រូវធ្វើអ្វីខ្លះនៅពេលស្ថិតនៅក្នុងវ័យទាំងនេះ? យោងតាមទស្សនៈរបស់លោក Jack Ma មុនពេលឈានដល់អាយុ ២០ ឆ្នាំដែលជាវ័យយុវជននោះ លោកអ្នកគួរតែធ្វើខ្លួនជាសិស្សល្អម្នាក់ដើម្បីត្រៀមទទួលយកបទពិសោធន៍ថ្មីៗជាច្រើនដែលនឹងចូលមកដល់។ សម្រាប់មុនឈានជើងចូលដល់វ័យ ៣០ ឆ្នាំវិញ លោកអ្នកគួរតែរៀនសូត្រតាម ឬ ជ្រើសរើសអ្នកណាម្នាក់មកធ្វើជាបុគ្គលគំរូដែលធ្លាប់ជោគជ័យក្នុងវ័យនេះពីមុនមក។ «អ្នកអាចរៀនធ្វើការជាមួយក្រុមហ៊ុនតូចណាមួយជាមុនសិនព្រោះថា ធ្វើការនៅក្នុងក្រុមហ៊ុនតូចមុននឹងធ្វើឲ្យអ្នកអាចរៀនសូត្រពីមហិច្ឆតា ឬ ក្តីសុបិននៅដំណាក់កាលដំបូងជាជាងក្រុមហ៊ុនធំដែលមានអ្វីៗសព្វគ្រប់បែបយ៉ាងទៅហើយ។ បន្ទាប់មក អ្នកត្រូវរៀនមើលបុគ្គលណាមួយដែលអ្នកគិតថា ជាចៅហ្វាយដ៏ល្អ ព្រោះបុគ្គលប្រភេទនេះនឹងអាចបង្រៀនអ្នកបានគ្រប់បែបយ៉ាង»។
នេះជាការពន្យល់របស់លោក Jack Ma។ នៅពេលដែលឈានមកដល់វ័យចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ អតីត CEO របស់ក្រុមហ៊ុន Alibaba រូបនេះបានបញ្ជាក់យ៉ាងច្បាស់ៗថា មិនចំពោះថាអ្នកចង់ធ្វើការឲ្យគេឬ បង្កើតក្រុមហ៊ុនខ្លួនឯងនោះឡើយ អ្នកត្រូវតែគិតឲ្យបានច្បាស់លាស់ជាទីបំផុតចំពោះការងារប្រចាំថ្ងៃរបស់អ្នក ដើម្បីឲ្យប្រាកដថា វាពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើនបំផុតសម្រាប់អាជីពការងារនៅពេលអនាគតយូរអង្វែង។ ដំបូន្មានបន្តទៀតរបស់លោកដូច្នេះថា៖ «នៅពេលដែលឈានដល់វ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ អ្នកត្រូវធ្វើអ្វីមួយឲ្យស្របទៅនឹងជំនាញរបស់អ្នក»។ លោកបញ្ជាក់ថា ក្នុងវ័យនេះដាច់ខាតកុំប្ដូរអាជីពការងារឲ្យសោះ បើមិនដូច្នេះទេ អ្នកនឹងយឺតពេលហើយ។ អ្នកអាចជោគជ័យច្រើនក្នុងវ័យនេះ តែអត្រាមរណភាពរបស់អ្នកក៏មានកាន់តែច្រើនដែរ។ នេះហើយជាមូលហេតុដែលលោក តម្រូវឲ្យអ្នកត្រូវផ្ដោតទៅលើការងារដែលជាជំនាញរបស់អ្នក។ «នៅចន្លោះវ័យ ៥០ ឆ្នាំទៅ ៦០ ឆ្នាំ អ្នកគួរធ្វើការបម្រើដល់យុវជនជំនាន់ក្រោយឲ្យបានច្រើន»។
នេះជាប្រសាសន៍របស់លោក Jack Ma ដោយពន្យល់ថា ក្មេងៗអាចធ្វើការល្អជាងអ្នក ព្រោះពួកគេមានថាមពលគ្រប់គ្រាន់ ម្ល៉ោះហើយអ្នកត្រូវតែដាក់ទុនឲ្យពួកគេ និង ធ្វើឲ្យពួកគេជាក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំមួយ។ ឥឡូវនេះងាកមកមើលវ័យចាប់ពី៦០ឆ្នាំឡើងវិញម្តង តើមហាសេដ្ឋីមានទ្រព្យសម្បត្តិ ២២,២ ពាន់លានដុល្លាររូបនេះផ្ដល់ដំបូន្មានគួរធ្វើអ្វីវិញ? ទោះបីជាលោកមិនទានឈានដល់វ័យ ៦០ក៏ដោយ ក៏លោកមានគម្រោងថា នៅពេលដែលលោកឈានដល់វ័យ ៦០ ឆ្នាំឡើងទៅ លោកនឹងចំណាយពេលឲ្យបានច្រើនសម្រាប់ខ្លួនលោក និង គ្រួសាររបស់លោកវិញ។ មហាសេដ្ឋីមកពីខេត្ត Zhejiang របស់ចិនរូបនេះបានផ្តល់ដំបូន្មានចុងក្រោយដល់យុវជនថា៖« ចង់ផ្លាស់ប្ដូរនៅពេលថ្ងៃរៀបលិច ច្បាស់ជាយឺតពេលហើយ! នេះជាដំបូន្មានរបស់ខ្ញុំផ្ញើជូនដល់យុវជនទាំងអស់ដែលមានវ័យ ២៥ ឆ្នាំ។ កុំបារម្ភរឿងកំហុសរបស់អ្នក! កុំបារម្ភរឿងបរាជ័យ អ្នកត្រូវក្រោកឈរឡើង ហើយរីករាយទៅនឹងដំណើរជីវិតរបស់អ្នក ព្រោះវ័យនេះអ្នកទាំងអស់គ្នានៅមានអនាគតវែងឆ្ងាយណាស់»៕ សូមទស្សនាបទសម្ភាសន៍ភាពជោគជ័យរបស់លោកនៅក្នុងស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង KBS ដូចខាងក្រោមនេះ!