ខ្មែរ | ព័ត៌មាន​ថ្មីៗ | សេដ្ឋកិច្ច ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ខណៈ​ម្រេច​តំបន់​ដទៃ​ទៀត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

ការ​ប្រមូល​ផល​ម្រេច​នៅ​ទូទាំង​ប្រទេស បាន​បញ្ចប់​ទៅ​ហើយ​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ។ ម្រេច​កំពត ដែល​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្...

ការ​ប្រមូល​ផល​ម្រេច​នៅ​ទូទាំង​ប្រទេស បាន​បញ្ចប់​ទៅ​ហើយ​នៅ​ចុង​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ។ ម្រេច​កំពត ដែល​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​បាន​រក្សា​តម្លៃ​ថេរ​ដដែល ក៏ប៉ុន្តែ​ម្រេច​នៅ​តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ​អ្នក​ជំនាញ និង​ក្រសួង​កសិកម្ម។
នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ ម្រេច​កំពត នៅ​រក្សា​តម្លៃ​ថេរ​ដដែល គឺ​ម្រេច​ស មាន​តម្លៃ ២៨​ដុល្លារ ម្រេច​ក្រហម ២៥​ដុល្លារ ម្រេច​ខ្មៅ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។
ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ម្រេច​កំពត ដែល​អាច​ផលិត​បាន​តាម​ស្តង់ដារ​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ​មាន​ប្រមាណ ៨០​តោន តិច​ជាង​ការ​រំពឹង​ទុក​ប្រហែល ២០​តោន។ មូលហេតុ​ដែល​មិន​អាច​សម្រេច​បាន ១០០​តោន គឺ​ដោយសារ​ម្រេច​ដែល​អាច​ដាក់​ឈ្មោះ​ម្រេច​កំពត​បាន ត្រូវ​បំពេញ​លក្ខខណ្ឌ​ច្រើន​ចំណុច ដូច្នេះ​បើ​មាន​ខុស​លក្ខខណ្ឌ​បន្តិចបន្តួច គឺ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ម្រេច​កំពត​នោះ​ទេ៖ «យើង​ផ្ដោត​សំខាន់​ទៅ​លើ​តែ​គុណភាព ដូច្នេះ ១០០​តោន យើង​ចម្រាញ់​យក​គុណភាព​បាន​តែ ៨០​តោន ព្រោះ​ម្រេច​កំពត​យើង​និយាយ​ពី​គុណភាព​ផង និង​សោភ័ណភាព​ផង ដែល​សំដៅ​ទៅ​លើ​ទំហំ ពណ៌ ដែល​ត្រូវ​បាន​កំណត់​ក្នុង​សៀវភៅ​បន្ទុក»
លោក ងួន ឡាយ បញ្ជាក់​ទៀត​ថា កសិករ និង​ផលិតករ​ម្រេច​កំពត មិន​ព្រួយ​បារម្ភ​នឹង​បញ្ហា​ទីផ្សារ និង​តម្លៃ​ម្រេច​ដែល​ផលិត​បាន​នោះ​ទេ ព្រោះ​ម្រេច​កំពត​មាន​គុណភាព​ខ្ពស់ និង​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ទាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​នៅ​ទីផ្សារ​អឺរ៉ុប។
ផ្ទុយ​ពី​ម្រេច​កំពត ម្រេច​នៅ​តំបន់​ផ្សេង​ទៀត​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ។
លោក ភុំ សុវឌ្ឍន់ គឺ​ជា​ប្រធាន​សហគមន៍​ម្រេច​សរីរាង្គ​គគីរ​មេមង ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ លោក​បញ្ជាក់​ថា ម្រេច​ដែល​កសិករ​នៅ​តំបន់​របស់​លោក​ផលិត​បាន​មាន​តម្លៃ​មិន​ស្ថិតស្ថេរ​នោះ​ទេ គឺ​ចន្លោះ​ពី ៣ ទៅ ៤​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​តម្លៃ​មួយ​ដ៏​ទាប បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ឆ្នាំ​មុន​ដែល​ស្ថិត​នៅ​ចន្លោះ ៨ ទៅ ៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។
លោក​យល់​ឃើញ​ថា មាន​កត្តា​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​នេះ​ត្រូវ​ធ្លាក់​ចុះ ដូចជា​ការ​ផលិត​លើស​តម្រូវការ ម្រេច​ដែល​ផលិត​បាន​ខ្វះ​គុណភាព ឬ​មាន​ប្រើ​សារធាតុ​គីមី​ច្រើន​ហួស ជាដើម។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា សហគមន៍​របស់​លោក នឹង​ប្រឹងប្រែង​ផលិត​ម្រេច​ឲ្យ​បាន​តាម​ស្តង់ដារ តែ​អ្វី​ដែល​លោក​សំណូមពរ​នោះ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ច្រើន៖ «គាត់​ជួយ​ផ្សព្វផ្សាយ​ចេញ​ទៅ ថា​ឥឡូវ​មាន​សហគមន៍​មាន​ម្រេច​ដែល​ត្រូវ​តាម​ស្តង់ដារ។ ពេល​ធ្វើ​បាន ពួក​ខ្ញុំ​ទាមទារ​តែ​ប៉ុណ្ណឹង​ទេ។ ចង់​ឲ្យ​គាត់​ផ្សព្វផ្សាយ​ទៅ​ឲ្យ​ខាង​ដៃគូ​វិនិយោគ​គេ​ខាង​ក្រៅ គេ​មក​គេ​ស្គាល់»
ម្រេច ២០១៦ ៦២០
(ពី​ឆ្វេង) ម្រេច​ស ម្រេច​ខ្មៅ ម្រេច​ក្រហម និង​ម្រេច​ខៀវ។ ប្រភពពី: RFA

ឆ្លើយតប​រឿង​នេះ ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ខាន់ សំបាន បញ្ជាក់​ថា ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ធ្លាក់​ចុះ​តម្លៃ​កសិផល ហើយ​កំពុង​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ៖ «យើង​រក​ទីផ្សារ​ជូន​ប្រជាជន ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ ក៏​ចូលរួម​ចំណែក​ដែរ ប៉ុន្តែ​គ្រាន់​តែ​ទីផ្សារ​ពិភពលោក​ធ្លាក់​ថ្លៃ​ទៅ​ហើយ ចង់​ឲ្យ​ទីផ្សារ​យើង​ឡើង​ម្ដេច​នឹង​កើត។ ក្រសួង​នឹង​ស្វះស្វែង​រក​អ្នក​វិនិយោគ​ឲ្យ​មក​ធ្វើ​ការ​វិនិយោគ​នៅ​ស្រុក​យើង​ផ្ទាល់​តែ​ម្តង ឲ្យ​គេ​ប្រមូល​ទិញ​ផលិតផល​ពី​ស្រុក​យើង នាំ​ចេញ​ទៅ​បរទេស​តែ​ម្តង»
នៅ​ឆ្នាំ​២០១៧ នេះ ផ្ទៃដី​ដាំ​ដុះ​ម្រេច​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦.៦៧៨​ហិកតារ) ដែល​ផ្តល់​ផល​សរុប​ជាង ២​ម៉ឺន​តោន។ មិន​មាន​ការ​សិក្សា​ណា​មួយ​ដែល​បង្ហាញ​ពី​បរិមាណ​តម្រូវការ​ម្រេច​នៅ​កម្ពុជា នៅ​ឡើយ​ទេ។ ម្រេច​ដែល​កម្ពុជា ផលិត​បាន​ភាគច្រើន​បំផុត គឺ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។
អ្នក​ជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ម្រេច​នេះ គឺ​ដោយសារ​និន្នាការ​ទីផ្សារ​អន្តរជាតិ ក៏ប៉ុន្តែ​លោក​ថា មូលហេតុ​សំខាន់​បំផុត​នោះ គឺ​ដោយសារ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ទីផ្សារ​នាំ​ចេញ​ទៅ​វៀតណាម។
លោក​ថា វៀតណាម កាត់​បន្ថយ​ការ​ទិញ​ម្រេច​ពី​កម្ពុជា ដោយសារ​មូលហេតុ​ពីរ​យ៉ាង គឺ​វៀតណាម ខ្លួន​ឯង​ផលិត​បាន​ម្រេច​ច្រើន​ដល់​ទៅ​ជិត ២០​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ហើយ​ទី​ពីរ គឺ​ដោយសារ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​អ្នក​ជំនាញ​រក​ឃើញ​ថា ម្រេច​វៀតណាម មាន​កម្រិត​សារធាតុ​គីមី​ខ្ពស់។
ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ចំពោះ​ផលិតកម្ម​ម្រេច បណ្ឌិត យ៉ង សាំងកុមារ ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​នេះ​ទាំង​ការ​ផ្តល់​បច្ចេកទេស និង​ការ​ស្វែងរក​ទីផ្សារ​ជូន​កសិករ៖ «យើង​ត្រូវ​តែ​បញ្ជូន​អ្នក​បច្ចេកទេស​របស់​ក្រសួង​កសិកម្ម ឲ្យ​ចុះ​ទៅ​ធ្វើ​ការ​ជាមួយ​អ្នក​ចម្ការ​ម្រេច​ទាំងអស់​ហ្នឹង​ទៅ ជួយ​ឲ្យ​គាត់​រៀបចំ​ទៅ​តាម​ស្តង់ដារ​ទៅ។ ទី​ពីរ គឺ​ជួយ​ជជែក​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក អាច​នាំ​ម្រេច​ខ្មែរ​ចេញ​ទៅ​កាន់​ទីផ្សារ។ ទី​បី យើង​បង្កើត​កម្មវិធី​ឥណទាន​ម្រេច ដើម្បី​ជួយ​ដល់​អ្នក​ដាំ​ម្រេច​មួយ​ចំនួន​ដែល​កំពុង​ជួប​ហានិភ័យ​ទាក់ទង​រឿង​សង​បំណុល​ដោយសារ​ម្រេច​ចុះ​ថោក ហើយ​ម្យ៉ាង​ទៀត​ជា​ទុន​ដើម្បី​ឲ្យ​ក្រុមហ៊ុន ឬ​សហគមន៍​ធ្វើ​ការ​វិនិយោគ​ជា​ឃ្លាំង ជា​កន្លែង​កែច្នៃ​ម្រេច​តាម​ស្តង់ដារ។ ធ្វើ​របៀប​នេះ​ទើប​យើង​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ»
បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំងក្លា​ចំពោះ​ឧស្សាហកម្ម​ម្រេច ពីព្រោះ​កម្ពុជា មាន​សក្ដានុពល​ចំពោះ​ការ​ដាំដុះ​ម្រេច ហើយ​មាន​កសិករ​រាប់​ពាន់​នាក់​រួច​ទៅ​ហើយ​ដែល​បាន​វិនិយោគ​ធនធាន​របស់​ខ្លួន​ដាំដុះ​ម្រេច។
សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ដោយសារ​ម្រេច​ជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​អាច​រក​ប្រាក់​ចំណូល​ជាច្រើន​ចូល​ជាតិ។ ជា​ឧទាហរណ៍ គ្រាន់​តែ​ម្រេច​មួយ​មុខ វៀតណាម អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
នៅ​ឆ្នាំ​២០១៥ វៀតណាម រក​ចំណូល​បាន​ជាង ១.២០០​លាន​ដុល្លារ​អាមេរិក (១,២៩​ពាន់​លាន​ដុល្លារ) ហើយ​នៅ​ឆ្នាំ​២០១៦ វៀតណាម រក​ចំណូល​បាន​ជាង ១.៤០០​លាន​ដុល្លារ (១,៤២​ពាន់​លាន​ដុល្លារ) ពី​ការ​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ។

ងាក​មក​កម្ពុជា វិញ បើ​កម្ពុជា អាច​មាន​លទ្ធភាព​នាំ​ម្រេច​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម យ៉ាង​ហោច​ណាស់​ក៏​កម្ពុជា អាច​រក​ចំណូល​បាន​ជាង ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ​ពី​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ។ នេះ​បើ​គិត​តាម​បរិមាណ​ម្រេច​ដែល​កម្ពុជា ផលិត​បាន រួម​នឹង​តម្លៃ​ម្រេច​ស្តង់ដារ​លើ​ទីផ្សារ​អន្តរជាតិ៕
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: ខ្មែរ | ព័ត៌មាន​ថ្មីៗ | សេដ្ឋកិច្ច ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ខណៈ​ម្រេច​តំបន់​ដទៃ​ទៀត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក
ខ្មែរ | ព័ត៌មាន​ថ្មីៗ | សេដ្ឋកិច្ច ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ខណៈ​ម្រេច​តំបន់​ដទៃ​ទៀត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTVAioc8YM2HxHbCuzHaSLI-2dpNOJSVBcCu4fMzZpovTKIvuHk03KadmNNsOnl2pLMkWBMXH5bBbWxB5GCJ_lAal1cqlGzPfPTC4AugvPftmOtIyzjShwJ8HNAVu7ploTjoaDaTmzwg/s640/0f712871-2168-487f-8126-a69df442e61c.jpeg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTVAioc8YM2HxHbCuzHaSLI-2dpNOJSVBcCu4fMzZpovTKIvuHk03KadmNNsOnl2pLMkWBMXH5bBbWxB5GCJ_lAal1cqlGzPfPTC4AugvPftmOtIyzjShwJ8HNAVu7ploTjoaDaTmzwg/s72-c/0f712871-2168-487f-8126-a69df442e61c.jpeg
មាន លាភ
https://mean-leap.blogspot.com/2017/07/blog-post_73.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/07/blog-post_73.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy