មានពស់២ ពស់មួយក្បាលច្រើនកន្ទុយតែ១ ពស់មួយទៀតមានកន្ទុយច្រើនតែក្បាល១។ ពស់ទាំង២លូនមកជូបគ្នា ក៏និយាយអួតប្ញទ្ធិ អួ...
មានពស់២ ពស់មួយក្បាលច្រើនកន្ទុយតែ១ ពស់មួយទៀតមានកន្ទុយច្រើនតែក្បាល១។ ពស់ទាំង២លូនមកជូបគ្នា ក៏និយាយអួតប្ញទ្ធិ អួតអំនាចទីទៃៗ ឯពស់ក្បាលច្រើនអួតថា " យើងមានក្បាលច្រើននេះ ជាការមានប្រយោជន៏ច្រើនគឺនឹងគិតការអ្វីៗ បានពិគ្រោះប្រឹក្សាយល់ព្រមគ្នាទើបធ្វើការនោះសម្រេចទៅបាន" ។ ឯពស់ក្បាល១ "យើងមានក្បាលតែមួយជាការមិនទើសទែង បើចង់លូនចេញចូលតាមច្រកចង្អៀត ក៏ចេញចូលបានងាយ កន្ទុយច្រើនយើងសម្របតាមក្បាល១ មិនមានទើសទែងនឹងអ្វី នៃប្រស្តែងពស់ក្បាលច្រើន យើងនឹងលេងប្ញទ្ធិគ្នាក្នុងគ្រានេះ ឲ្យឃើញជារូបណាចេញចូលតាមចន្លោះរបងសួននេះបាន រូបណាចេញចូលពុំបានគង់ដឹងប្ញទ្ធិគ្នាជាប្រាកដ" ។
ពស់ក្បាល១ថាហើយក៏លូនចូលក្នុងចន្លោះរបង សម្របកន្ទុយតាមគ្នាចូលបានចេញបានឥតទើសទាល់និងអ្វីឡើយ ឯពស់ក្បាលច្រើនឃើញពស់ក្បាល១ លូនចូលចេញបានដូច្នោះក៏លូនចូលទៅតាម តែចូលពុំរួចព្រោះទើសនឹងក្បាលច្រើន ខំជ្រែកញែកចូលយ៉ាងណាៗក្តី ក៏ចូលទៅពុំបានឡើយពស់ក្បាលច្រើន ក៏កើតក្តីខ្មាសអៀននិងពស់ក្បាល១ ចាញ់គេហើយទើបលូនទៅកាន់លំនៅខ្លួនវិញហោង។
ពាក្យឃ្លោងៈ ពស់១ក្បាលច្រើនចំរើនទាស់ចូលមិនអស់ចេញមិនអបសម្របគ្នា ពស់ក្បាល១កន្ទុយច្រើនទោះបែករា អាចសំម្របស្របគ្នាចូលចេញងាយ។
ពាក្យទំនៀមថាៈ វត្តមួយសង្គ្រាជ២ទីមិនស្អាត លោកធាតុមួយមានអាទិត្យបី នគរមួយស្តេចច្រើនអធិបតី ប្រាជ្ញគប្បីដឹងដោយពាក្យឧបមា៕អ្នកធំច្រើនប្រាជ្ញច្រើនក្នុងទីណា សឹងប្រាថ្នាចង់ធំទីទៃៗ ការងារដែលធ្វើនោះពុំប្រពៃ ចុះក្នុងន័យហិនជោគលោកវិនាស។
(ដកស្រង់ចេញពីសៀវភៅ គតិលោក ភាគទី៨)